Search This Blog

Theme images by MichaelJay. Powered by Blogger.
  • ()

តើត្រូវចាត់វិធានការផ្លូវច្បាប់បែបណា បើគេខ្ចីប្រាក់មិនសង?

លោកអ្នក​នាង​ជាទី​មេត្រី ក្នុង​នាទី​រត់​ឱ្យទាន់​ច្បាប់​ថ្ងៃនេះ ឃី ពិសី សូម​ពន្យល់​អំពី​ត្រូវ​ចាត់វិធានការ​ផ្លូវច្បាប់​បែបណា បើ​គេ​ខ្ចីប្រាក់​មិន​សង។
ការទំនាក់ទំនង​ក្នុងសង្គម មនុស្ស​តែងតែ​ពឹងពាក់​អាស្រ័យ​ផល​គ្នា​ទៅវិញទៅមក ដោយ​គេ​ពិបាក​ជៀសផុត។ ការខ្ចីប្រាក់​ក៍​ស្ថិតក្នុង​ទំនាក់ទំនង​ដែរ។ ជា​កិច្ច​បន្ត នាទី​រត់​ឲ្យ​ទាន់​ច្បាប់​នៃ​សារព័ត៌មាន តោះ​អាន នឹង​លើក​បង្ហាញ​ចំណុចសំខាន់ៗ នៃ​ការខ្ចីប្រាក់​ដែល​លោកអ្នក​គួរ​យល់ដឹង។
«ការខ្ចីប្រាក់» ភាសា​ច្បាប់​ហៅថា «ការខ្ចី​បរិភោគ» គឺ​សំដៅលើ​កិច្ចសន្យា​ដែល​ភាគី​ម្ខាង​ហៅថា «អ្នក​ឲ្យ​ខ្ចី» មានទ្រព្យ​ផ្ទាល់ខ្លួន បានប្រគល់​ទ្រព្យ​នោះ​ទៅ​ឲ្យ​ភាគី​ម្ខាង​ទៀត​ហៅថា «អ្នក​ខ្ចី» ដោយមាន​ការព្រមព្រៀង​គ្នា(មាត្រា ៣១១នៃ​ក្រមរដ្ឋប្បវេណី)។  អ្នក​ខ្ចី​ត្រូវ​សង​ទៅវិញ នៅពេល​ផុត​អំឡុងពេល​នៃ​កំណត់​រវាង​គូភាគី នូវ​វត្ថុ​ដែលមាន​គុណភាព និង​ចំនួន​ស្មើគ្នា​នឹង​វត្ថុ​ដែល​បានទទួល​ពី​អ្នក​ឲ្យ​ខ្ចី(មាត្រា ៥៧៨)។ សកម្មភាព​នេះ​គេ​ចាត់ទុកថា​វា​ជា​កិច្ចសន្យា​ទ្វេភាគី។
ឧ. ពូ ធី បាន​ខ្ចី​អង្ករ​ពី​មីង សាង ២ គីឡូ ដោយ​ភាគី​ទាំងពីរ​បានកំណត់​ថា១ ខែក្រោយ ពូ ធី ត្រូវយក​អង្ករ​មក​សង មីង សាង វិញ។ ដូច្នេះ អ្នក​ខ្ចី មាន​ករណី​កិច្ច​សង​ទៅ អ្នក​ឲ្យ​ខ្ចី នូវ​ប្រភេទ​អង្ករ​ដែលមាន​គុណភាព និង​បរិមាណ​ដូចគ្នា ក្រោយ​អំឡុង​កំណត់​សង​បាន​កន្លងផុតទៅ។
ក្នុងន័យ​ច្បាប់​បានកំណត់​នូវ​និយមន័យ​ទូលាយ​ដោយ​មិន​សំដៅ​ទៅលើ​ការខ្ចី​ប្រាក់​តែមួយ​មុខ គឺ​រួមទាំង​កិច្ចសន្យាខ្ចី​វត្ថុ ដែល​ទាំងនេះ​បូកផ្សំ​គ្នា​ហៅថា​ការ  «ខ្ចី​បរិភោគ» ត្រូវ​ចំណុច​នេះ​ដើម្បី​កុំ​ឲ្យ​មានការ​យល់ច្រឡំ ក្នុង​សេចក្ដីពន្យល់​ខ្ញុំ​សូម​បែង​ចែកជា​ពីរ​ប្រភេទ ៖  ១ កិច្ចសន្យាខ្ចី​បរិភោគ​ដោយ​មិន​យកការប្រាក់។  ២ កិច្ចសន្យាខ្ចី​បរិភោគ​ដោយ​ភ្ចា​ប់​ជាមួយ​អត្រា​ការប្រាក់​យក​តម្លៃ​ថ្នូរ.(ជាទូទៅ​កិច្ចសន្យាខ្ចី ដែល​ភ្ចា​ប់​អត្រា​ការប្រាក់ មាន​ចំនួន ៥% ក្នុង​មួយឆ្នាំ តាម​មាត្រា ៣១៨ លើកលែងតែ​មានការ​កំណត់​អ្វី​ផ្សេង​របស់​គូភាគី )។
ក្រោយមក​នៅ​ថ្ងៃទី ២១ ធ្នូ ២០១១ ក្រសួងយុត្តិធម៌​បានចេញ​ប្រកាស​អត្រា​ការ​ប្រាក់​មិន​លើស ១៨% ក្នុង ១ឆ្នាំ​វិញ ដោយ​គិត​តាម​ស្ថានភាព​ជាក់ស្ដែង​របស់​ស​ង្គ​ម​វិវត្តន៍​ទៅមុខ តែ​គូភាគី​អាច​កំណត់​ទាប​ជាង​នេះ​បាន​អាស្រ័យទៅលើ​ការព្រម​ព្រៀង។ ចំពោះ​អ្នក​ដែល​រកស៊ី​ចងការ​ប្រាក់​មួយចំនួន​ធ្លាប់​ទាមទារ​ច្រើន​លើស ក្នុងករណី​មាន​វិវាទ​ឡើង​ប្ដឹង​ដល់​តុលាការ ចៅក្រម​នឹង​ចេញ​សេចក្ដី​សម្រេ​ច​​យោងទៅលើ​អត្រា​ការប្រាក់​ដែល​ច្បាប់​បានកំណត់​ជាមុន។
តើ​គេ​ចាំបាច់​ត្រូវធ្វើ​លិខិតស្នាម​ទេ?
ក្នុង​ជី​វិភាព​រស់នៅ​ប្រចាំថ្ងៃ​គេ​តែងតែ​សង្កេតឃើញ​ការខ្ចីប្រាក់ ភាគច្រើន​ធ្វើឡើង​ដោយផ្ទាល់​មាត់ ព្រោះ​យល់ថា​ជា​មនុស្ស​ស្គាល់គ្នា។ ចំពោះ​ច្បាប់​មិន​តម្រូវ​ឲ្យ​គូភាគី ចាំបាច់​ត្រូវធ្វើ​ឡើងជា​លាយលក្ខណ៍អក្ស​រ​នោះទេ មានន័យថា​កិច្ចសន្យា​អាចធ្វើ​ឡើង​ដោយ​ផ្ទាល់មាត់​ឬ មាន​លិខិតស្នាម​ក៍បាន។
ប៉ុន្តែ​ក្នុងករណី​មាន​វិវាទ ដោយ​ភាគី​ណាមួយ​បំពាន ឬ​រំលោភ មិន​អនុវត្តន៍​កាតព្វ​កិច្ច​នោះ គេ​ពិតជា​ពិបាក​រក​សំអាង​ហេតុ​ភស្តុតាង​ដើម្បី​បញ្ជាក់​ក្នុងការ​ទាមទារ​នៅក្នុង​សវនាការ ដូច្នេះ​ដើម្បី​ធានា​ឲ្យ​មាន​ទំនុកចិត្ត គូភាគី​គួរតែ​ធ្វើជា​កិច្ចសន្យា​មាន​ទម្រង់​ជា​លាយលក្ខណ៍អក្សរ។
ចុះបើ​មាន​ទាំង​លិខិតស្នាម​ហើយ តែ​ភាគី​អ្នក​ខ្ចី នៅតែ​មិន​ព្រម​ប្រគល់ ឬ​សង​វត្ថុ​ត្រឡប់មកវិញ តើ​គួរ​ធ្វើ​ដូច​ម​ម្ដេ​ង?
ជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ច្បាប់​មួយ​ដ៍​ល្បី លោក​មេធាវី អ៊​ន ហ៊ីង មានប្រសាសន៍ថា​ក្នុងករណី​បើសិនជា​ដល់​ថ្ងៃ​កំណត់​ត្រូវប្រគល់​ប្រាក់​ត្រលប់​ហើយ តែ​អ្នក​ខ្ចី ឬ​កូនបំណុល បដិសេធ​មិន​ព្រម​សង ដោយ​សម្អាង​មូលហេតុ​ថា​គ្មាន​សមត្ថភាព ហើយ​ម្ចាស់បំណុល​គេ​មិន​អនុគ្រោះ តុលាការ​ចាំបាច់​ត្រូវដាក់​បន្ទុក​នឹង​ចេញ​សេចក្ដីសម្រេច​ឲ្យ​ភាគី «អ្នក​ខ្ចី» សង​ត្រលប់​មកវិញ មិនអាច​បង្ក​សំណុំរឿង​បានទេ។
លោក​មេធាវី អ៊​ន ហ៊ីង បញ្ជាក់ថា៖ «នៅក្នុង​រដ្ឋប្បវេណី (វិវាទ​ឯកជន)  អត់​ខ្វល់​ទេ ទោះបី​អ្នកឯង​អត់១រៀល ក៍ដោយ ជំពាក់​គេ ក៍​ចៅក្រម​ដឹង​តែ​កាត់​ឲ្យ​សង ចង់​​គ្មាន​អី​សង ឬ​មិន​សង​ជា​រឿង​មួយទៀត ទោះបី​អត់​អី​ក៍ដោយ ក៍​គេ​នៅតែ​គាត់​ឲ្យ​សង នៅក្នុង​រដ្ឋប្បវេណី បើ​មានអី​រឹបអូស​យកបាន តែបើ​អត់​ចប់ គ្មាន​ទណ្ឌ​កម្ម​​ផ្នែក​ព្រហ្មទណ្ឌ​ទេ»។
តើ​មាន​ដំណាក់កាល​ណាខ្លះ​នៃ​ការតវ៉ា​ក្ដី?
មុនដំបូង​គឺ​ចៅក្រម​ហៅ​គូភាគី​ទាំងអស់​មក​ត្រៀម ដើម្បី​រក​ចំណុច​វិវាទ  បង្ហាញ​ភស្តុតាង  មុន​ឡើង​សវនាការ​ទាញហេតុផល​ផ្ទាល់មាត់ ក្នុងពេលនោះ​ហើយ​ដែល​ចៅក្រម​បាន​ឆ្លៀត​យក​ពេល ដើម្បី​សម្រុះសម្រួល។ បើសិនជា​គូភាគី​ឯក​ភាព​គ្នា​ត្រឹម​ដំណាក់កាល​សម្រុះសម្រួល​នេះហើយ ចៅក្រម​នឹង​ចេញ​សេចក្ដី​សម្រេច​តែម្ដង។ រយៈពេល​នៃ​ការជួបគ្នា​អាច​ត្រូវ​ពន្យា​បើសិនជា​ភាគី​ណា​ស្នើសុំ ដោយសារ​ខ្វះ​ភស្តុតាង សាក្សី​ជាដើម។ តែបើ​សិន​នៅតែ​មិន​ឯកភាពគ្នា​រួម​ទេ ចៅក្រម​នឹងដាក់​សំណុំរឿង​ដើម្បី​ជំនុំជម្រះ​តែម្ដង។
ត្រូវ​រង់ចាំ​រយៈពេល​ប៉ុន្មាន​ទើប​បញ្ជាប់​សំណុំរឿង?
លោក​មេធាវី​បន្តថា ក្នុង​នីតិវិធី​នៃ​ការដោះស្រាយ គឺ​គ្មាន​កំណត់​រយៈពេល​ទេ។ ទោះបីជា​មិន​កំណត់​ក្ដី ជាធម្មតា​ក្នុង​សំណុំរឿង​មួយ​តុលាការ​មិនអាច​តំកល់ លើសពី ១ឆ្នាំ បានទេ ដូច្នេះ​មេធាវី​ដែល​តំណាង​ឲ្យ​ភាគី​ដើមបណ្ដឹង​អាច​ប្ដឹង​ចៅក្រម​នោះបាន។ ដូច្នេះ​ចៅក្រម​ត្រូវធ្វើ​របាយការណ៍​អំពី​មូលហេតុ​នៃ​ការ​តម្កល់​រឿងក្ដី បញ្ជូនទៅ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ដើម្បី​បញ្ជាក់​មូល​ហេតុ​ដែល​ខ្លួន​ទុក​រឿងក្ដី​នោះ​ហួស​រយៈពេល។
តើ​ការខ្ចីប្រាក់​អាច​ក្លាយជា​បទល្មើស​ព្រហ្មទណ្ឌ​រហូត​ជាប់គុក​ទេ ?
លោក​មេធាវី​បន្ថែមថា ទោះបីជា​ការខ្ចីប្រាក់​មិន​ស្ថិតក្នុង​ក្រមព្រហ្មទណ្ឌ​យ៉ាងណា​ក្ដី តែមាន​ករណីខ្លះ​អាច​ឈានដល់​ការឃាត់ខ្លួន​នឹង​ចាប់ចង​ក៍មាន​ដែរ ដោយ​សារ​តែ​ក្នុងចំណោម​ភាគី​ទាំងពីរ មួយណា​បាន​ប្រើ​ឧបាយកល​ទុច្ចរិត។
ឧ. ចិន្តា បានមក​ខ្ចីប្រាក់​ពី វិបុល ៥០លាន​រៀល ក្នុង​ហេតុផល​មានធុរៈ​បន្ទាន់ មិនអាច​រង់ចាំ​បើកប្រាក់​ពី​ធនាគារ​បាន ព្រោះ​ជា​ថ្ងៃអាទិត្យ ខណៈនោះ​ចិន្តា ថែមទាំង​បានបង្ហាញ​នូវ​កាត ATM ដល់​វិបុល ទៀត។ ប៉ុន្តែ​ក្នុង​ធាតុពិត គឺ​ចិន្តា​មិនមាន​លុយ ឬ​ធុរៈ​ណាមួយ​នោះទេ។ ប្រការនេះ គេ​អាច​ចោទប្រកាន់​ពីបទ​ឆបោក​តាម មាត្រា ៣៧៧ នៃ​ក្រមព្រហ្មទណ្ឌ​បាន ដែល​ត្រូវ​ជាប់ទោស​ពី ៦ ខែ​ដល់ ៣ឆ្នាំ ពិន័យ​ជា​ប្រាក់​ចូល​រដ្ឋ​ពី ១លាន ទៅ ៦លាន​រៀល ចំនួន​នេះ​គឺ​មិនទាន់​គិត​សំណង​ជំងឺ​ចិត្ត​ជនរងគ្រោះ​នៅឡើយ​ទេ។
តែ​បើសិនជា​គ្រាន់តែ​ខ្ចី​ហើយ​មិន​សង​គឺ​គ្មាន​បទល្មើស​ព្រហ្មទណ្ឌ​ណាមួយ​ដែល​អាច​បណ្ដាល​ឲ្យ​ជាប់គុក​នោះទេ។ ក្នុង​សំណុំរឿង​រដ្ឋប្បវេណី តុលាការ​អាច​ចេញ​សេចក្ដីសម្រេច ដើម្បី​រឹបអូស​យក​ទ្រព្យ​ប៉ុណ្ណោះ ហើយ​បើ​រឹបអូស​អស់ហើយ​នៅតែ​មិនអាច​សង​គ្រប់​ទៀត តុលាការ​នឹង​សម្រេច​ដាក់​សម្ពាធ​ឲ្យ​បុគ្គល​នោះ​ព្យាយាម​រកលុយ​មក​សង​ម្ចាស់បំណុល​វិញ​ដែល​អាស្រ័យទៅលើ​សមត្ថភាព​ផ្ទាល់​នៃ​កូនបំណុល។
ជា​អនុសាសន៍​ចុងក្រោយ​លោក​មេធាវី ចង់​ឲ្យ​គូភាគី​មាន​អត់​ឆ្ម​ត់​ខ្ពស់​មុន​ឈាន​ទៅ​ដល់​តុលាការ ដើម្បី​ជៀសវាង​ការចំណាយ​ច្រើន​ទាំង​ពេលវេលា និង​ថវិកា។ សម្រាប់​កូនបំណុល ឬ​អ្នក​ខ្ចី ត្រូវ​បន្ទន់ឥរិយាបថ ក្នុង​ការសង​ត្រលប់​ទៅ​ម្ចាស់​បំណុល​វិញ​ក្នុង​ចំនួន​ទឹកប្រាក់​ណាមួយ​សមរម្យ នៃ​សមត្ថភាព​ខ្លួន ហាម​ដាច់​ខាត​កុំ​ប្រើ​អាកប្បកិរិយា​ជំរុញ​ឲ្យ​ម្ចាស់បំណុល​ប្ដឹង៕

No comments:
Write comments

Interested for our works and services?
Get more of our update !