Search This Blog

Theme images by MichaelJay. Powered by Blogger.
  • ()



ផ្លូវ​ល្បឿន​លឿន​ ភ្នំពេញ-ក្រុង​ព្រះសីហនុ នឹង​ចាប់ផ្តើម​ការដ្ឋាន​នៅ​ចុង​ឆ្នាំ​នេះ

ទន្ទឹម​គ្នា​នឹង​វិស័យ​អចលនទ្រព្យ​នៅ​ក្រុង​ព្រះសីនុ​កំពុង​មាន​ចំណាប់​អារម្មណ៍​ច្រើន​ពី​អ្នក​វិនិយោគទុន​ក្នុង​ស្រុក និង​មកពី​បរទេស គម្រោង​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន​តភ្ជាប់​រាជធានី​ភ្នំពេញ និង​ក្រុង​ព្រះសីហនុ​បាន​និង​កំពុង​វិវត្ត​ឆ្ពោះ​ទៅ​រក​ការ​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​នៅ​អំឡុង​ចុង​ឆ្នាំ​ខាង​មុខ​នេះ​ហើយ ប្រសិន​បើ​ការ​ចរចា​ចំណុច​សេសសល់​តិចតួច​ពាក់ព័ន្ធ​ទៅ​នឹង​គម្រោង​ចំណាយ​នឹង​ត្រូវ​បាន​សម្រេច​បញ្ចប់​នោះ​។ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។
លោក វ៉ា ស៊ឹមសុរិយា មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​អចលនទ្រព្យ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ដើម​សប្តាហ៍​នេះ​ថា​៖ «​និយាយ​ឲ្យ​ខ្លី​ទៅ​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​រវាង​រាជធានី​ភ្នំពេញ-ក្រុង​ព្រះសីហនុ​បាន​ឈាន​មក​ដល់​ចំណុច​ជិត​ទីបញ្ចប់​ដើម្បី​ចុះហត្ថលេខា​សម្រេច​លើ​ការ​សង់​នេះ​ហើយ​គឺ​នៅ​សល់​តែ​ចំណុច​សេសសល់​តិចតួច​ប៉ុណ្ណោះ ប៉ុន្តែ​រាជរដ្ឋាភិបាល​គ្រោង​នឹង​ចុះហត្ថលេខា​យល់​ព្រម​ដើម្បី​បើក​ដំណើរ​ការដ្ឋាន​សាងសង់​ផ្លូវ​ថ្មី​ហ្នឹង​នៅ​ចុង​ឆ្នាំ​ ២០១៧ ​ខាង​មុខ​នេះ​តែ​ម្តង​»​។
លោក​បន្ត​ថា៖ «​ការ​សិក្សា​ពី​ផលប៉ះពាល់​ទូទៅ និង​ការ​សិក្សា​ពី​ការ​ចំណាយ​ថវិកា​គឺ​បាន​បញ្ចប់​សព្វគ្រប់​រួចរាល់​អស់​ហើយ​គឺ​យើង​នៅ​សល់​តែ​ការ​ធ្វើ​កិច្ចសន្យា​រវាង​រាជរដ្ឋាភិបាល​ជាមួយ​ក្រុមហ៊ុន​ (​អ្នក​វិនិយោគ​) ​នោះ​ទេ​»​។
ទោះ​ជា​យ៉ាង​ណា​មន្ត្រី​អ្នក​នាំ​ពាក្យ​រូប​នេះ​សុំ​ពុំ​បញ្ចេញ​ឈ្មោះ​ក្រុមហ៊ុន​ដែល​នឹង​ត្រូវ​ចុះ​កិច្ចសន្យា​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ​ទេ​ដោយ​លោក​គ្រាន់តែ​បញ្ជាក់​ថា៖ «​គឺជា​ក្រុមហ៊ុន​របស់​ចិន​មកពី​ប្រទេស​ចិន ហើយ​ក្រុមហ៊ុន​នោះ​គេ​ទទួល​បាន​កម្ចី​ថវិកា​ទាំង​ស្រុង​ពី​រដ្ឋាភិបាល​ចិន​ដោយ​ផ្ទាល់ ដើម្បី​យក​មក​វិនិយោគ​លើ​គម្រោង​ដ៏ធំ​នេះ​។ វា​គឺជា​គម្រោង​វិនិយោគ​របស់​ឯកជន​សុទ្ធសាធ ប៉ុន្តែ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​មាន​ភារៈ​ចូលរួម​ទទួល​ខុស​ត្រូវ​ដែរ​»​។
លោក​បន្ត​ថា ​ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ-ក្រុង​ព្រះសីហនុ​នេះ​គឺ​វា​មិន​មាន​ការ​ពាក់ព័ន្ធ​ដោយ​ចំពោះ​ទៅ​នឹង​គម្រោង​ផ្លូវ​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ​ (OBOR) របស់​ចិន​នោះ​ទេ ប៉ុន្តែ​ «​វា​អាច​ជា​ផ្នែក​គាំទ្រ​គ្នា​» ស្រប​ទៅ​នឹង​គោល​នយោបាយ​នោះ​ដែរ​។
ការ​ចំណាយ​លើ​ការ​គម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏ធំ​សម្បើម​មាន​ប្រវែង​ជាង ​១៩០ ​គីឡូម៉ែត្រ​នេះ​គឺ​ «​ស្ថិត​ក្នុង​គម្រោង​ថវិកា​ចំនួន​ ១៩០០ ​លាន​ដុល្លារ​អាមេរិក​គឺ​សម្រាប់​ការ​ចំណាយ​តែ​លើ​ការ​សាងសង់​តែ​ប៉ុណ្ណោះ​» នេះ​បើ​តាម​ប្រសាសន៍​របស់​លោក ស៊ឹមសុរិយា​។ «​ចំណែកឯ​ផលប៉ះពាល់​ខ្ញុំ​ពុំ​អាច​បញ្ជាក់​បាន​ទេ ព្រោះ​វា​ក៏​មាន​ចំណែក​ខ្លះ​ដែល​រាជរដ្ឋាភិបាល​របស់​យើង​ត្រូវ​ចេញ​ផង​ដែរ​»​។
មន្ត្រី​អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​ពន្យល់​ថា​ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ​នឹង​ «​ចេញ​ពី​រាជធានី​ភ្នំពេញ​នៅ​ត្រង់​ម្តុំ​តំបន់​កប់​ស្រូវ​នៃ​តំបន់​ចោមចៅ​គឺ​វា​នឹង​សាងសង់​នៅ​ប្រ៉ប​ពី​ខាង​ជើង​នៃ​ផ្លូវជាតិ​លេខ​ ៤ នា​បច្ចុប្បន្ន​នេះ​។ ប៉ុន្តែ​នៅ​តាម​ទីតាំង​ភូមិសាស្ត្រ​ខ្លះ​ទៀត​ផ្លូវ​ល្បឿន​លឿន​នេះ​អាច​ស្ថិត​នៅ​ពី​ខាង​ស្តាំ​ដៃ​ (​ខាង​ជើង​) ​ផ្លូវ​ជាតិ​លេខ​ ៤ ឬ​ក៏​ស្ថិត​នៅ​ពី​ខាង​ឆ្វេង​ដៃ​ (​ខាង​ត្បូង​) ​ផ្លូវ​ជាតិ​លេខ​ ៤ វិញ​ គឺ​វា​អាច​ឆ្លង​ចុះ​ឆ្លង​ឡើង​ទៅ​តាម​ស្ថានភាព​អំណោយផល​ជាក់ស្តែង​តាម​ទីតាំង​នីមួយៗ​»​។
លោក​បញ្ជាក់​ថា​៖ «​នៅ​ត្រង់​ចំណុច​ផ្លូវ​ឆ្លង​កាត់​គ្នា​ (inter- change sector) នឹង​មាន​ការ​សាងសង់​ជា​ស្ពាន​បំបែក​សម្រាប់​ការ​ធ្វើ​ចរាចរ​ឆ្លងកាត់​ដើម្បី​កុំ​ឲ្យ​មាន​ការ​រំខាន​គ្នា​»​។
លោក ដាវ បុត្ររង្សី អភិបាលរង ស្រុក​អង្គស្នួល​បាន​ថ្លែង​​ថា​លោក​ក៏​បាន​ដឹង​អំពី​គម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​នេះ​ដែរ​។ «​គម្រោង​ផ្លូវ​ល្បឿន​លឿន នេះ​នឹង​ឆ្លងកាត់​ស្រុក​អង្គស្នួល​ក្នុង​ខេត្ត​កណ្តាល​នៅ​ពី​ខាង​ជើង​ផ្លូវ ជើង​ផ្លូវជាតិ​លេខ​ ៤ ប្រហែល​ ១ គីឡូម៉ែត្រ​រួច​តទៅ​ឆ្លង​កាត់​ស្រុក​សំរោងទង និង​ហួស​ទៅ​ស្រុក​ភ្នំស្រួច របស់​ខេត្ត​កំពង់ស្ពឺ​មុន​នឹង​បន្ត​ឆ្លងកាត់​ខេត្ត និង​ក្រុង​ព្រះសីហនុ​»​។
លោក លីម ស៊ីដានីន អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ដែល​ទទួល​បន្ទុក​គ្រប់គ្រង​គម្រោង​អភិវឌ្ឍ​ផ្លូវ​ល្បឿន​លឿន​នេះ​បាន​មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា៖ «​បច្ចុប្បន្ន​គម្រោង​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​រួច​ហើយ​» ដើម្បី​ធ្វើការ​សម្រេច​ជា​ចុង​ក្រោយ​។ ដូច្នេះ​លោក​ពុំ​ធ្វើ​អត្ថាធិប្បាយ​លម្អិត​ទេ​។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ធ្លាប់​បាន​ប្រាប់​ទៅ​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ថា​ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ-​ក្រុងព្រះសីហនុ នេះ​នឹង​ស្ថាបនា​ដោយ​ក្រុមហ៊ុន China Road and Bridge Corporation (CRBC) ដោយ​ផ្លូវ​នោះ​យ៉ាង​តិច​នឹង​មាន ៤ ​គន្លង​ផ្លូវ​រថយន្ត​គឺ​សម្រាប់​ទៅ-មក​ ២ ​គន្លង​ម្ខាង និង​ខណ្ឌ​ដោយ​សួនច្បារ​កណ្តាល​។ ផ្លូវ​នេះ​ពុំ​អនុញ្ញាត​ឲ្យ​មាន​ម៉ូតូ​ធុន​តូច​បើកបរ ឬ​សត្វ​ឆ្លង​កាត់​ផ្លូវ​នោះ​បាន​ទេ​ដោយសារ​យើង​តម្រូវ​ឲ្យ​ក្រុមហ៊ុន​នឹង​សង់​របង​ព័ទ្ធ​ការពារ​ពី​ខាង​ក្រៅ​។
បន្ទាប់ពី​ពេល​ស្ថាបនា​រួចរាល់​ផ្លូវ​នេះ​នឹង​ត្រូវ​ដាក់​ឲ្យ​ដំណើរការ​តាម​របៀប BOT គឺ​សាងសង់ ដំណើរការ និង​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ឯកជន​មុន​នឹង​ផ្ទេរ​ជូន​រាជរដ្ឋាភិបាល​។ «​រាល់​រថយន្ត​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​នេះ​នឹង​ត្រូវ​បង់​ប្រាក់​ដូច​នៅ​តាម​បណ្តា​ប្រទេស​ផ្សេងៗ​ដែរ​»​។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក ស៊ឹម សុរិយា​៕

ប្រភពពី ​ភ្នំពេញ​ប៉ុស្តិ៍​

No comments:
Write comments

Interested for our works and services?
Get more of our update !