សមាគមទូរទស្សន៍កម្ពុជា ចេញសេចក្តីថ្លែងការណ៍ ឆ្លើយតបការលើកឡើងរបស់ CNRPករណីជួលម៉ោងផ្សាយយុទ្ធនាការឃោសនាបោះឆ្នោត
សេចក្តីថ្លែងការណ៍របស់សមាគមទូរទស្សន៍កម្ពុជា បានកត់សំគាល់ឃើញថា លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ដែលរៀបចំដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវបានមជ្ឈដ្ឋាននានារួមទាំងអង្គទូត អ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិ បានវាយតម្លៃជាវិជ្ជមានថា ល្អប្រសើរនិងអាចទទួលយកបាន។
សមាគមទូរទស្សន៍កម្ពុជា ក៏បានកត់សំគាត់ឃើញថា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍មួយដោយក្នុងនោះ បានចោទប្រកាន់មកលើស្ថានីយ៍ទូរទស្សន៍ឯកជននានា ដែលបានផ្សាយអំពីយុទ្ធនាការហែឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នៅថ្ងៃចុងក្រោយថា «ជាការផ្សាយតាមអំពើចិត្ត ល្មើសច្បាប់ ល្មើសក្រមសីលធម៌របស់ប្រព័ន្ធផ្សព្វផ្សាយ» និងថែមទាំងបានចោទប្រកាន់ថា «គ.ជ.ប មិនបានចាត់វិធានការភ្លាមៗ ដោយការផ្អាកការផ្សាយ ឬធ្វើការដាក់ពិន័យ» នោះទេ។
សមាគមទូរទស្សន៍កម្ពុជា មានកិត្តិយសសូមបំភ្លឺជូនសាធារណៈជាតិនិងអន្តរជាតិមេត្តាជ្រាបថា ស្ថានីយ៍ទូរទស្សន៍ឯកជន គឺមិនមែនជាកម្មសិទ្ធិរបស់គណបក្ស នយោបាយណាមួយទេ។ ស្ថានីយ៍ទូរទស្សន៍ឯកជននានា មានសិទ្ធិពេញលេញដោយឯករាជ្យ ក្នុងការជួលម៉ោងផ្សាយឲ្យ គណបក្សនយោបាយ ដែលមាន លទ្ធភាពជួលម៉ោងផ្សាយ។ ចំពោះការផ្សាយរបស់ស្ថានីយ៍ទូរទស្សន៍ឯកជននានា ទាក់ទិននឹងការផ្សព្វផ្សាយយុទ្ធនាការហែឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧កន្លងមក គឺគោរពតាមច្បាប់ស្តីពីរបបសារព័ត៌មាន អនុលោមតាមសេចក្តីណែនាំរបស់ គ.ជ.ប និងឈរលើគោលការណ៍សមធម៌។ សមាគមទូរទស្សន៍កម្ពុជា ពិតជាទទួលបាននូវការជូនដំណឹងពីស្ថានីយ៍ទូរទស្សន៍ឯកជននានាថា បានជួលម៉ោងឲ្យ គណបក្សប្រជាជនកម្ពុជា ផ្សាយអំពីការហែក្បួនឃោសនាបោះឆ្នោតនៅថ្ងៃចុងក្រោយ។ យោងតាមការបញ្ជាក់ពីស្ថានីយ៍ទូរទស្សន៍ឯកជននានាគឺ គណបក្សសង្គ្រោះជាតិ មិនបានទាក់ទងជួលម៉ោងផ្សាយនៅបណ្តាស្ថានីយ៍ទូរទស្សន៍ឯកជនណាមួយនោះទេ។
ក្នុងន័យនេះ សមាគមទូរទស្សន៍កម្ពុជា យល់ឃើញថា គណបក្សសង្គ្រោះជាតិ មិនបានបំពេញកាតព្វកិច្ចខ្លួនឯងដោយសុច្ចរិត ហើយក៏មិនបានទាក់ទងជួលម៉ោង ផ្សាយដូច គណបក្សប្រជាជនកម្ពុជា បានធ្វើនោះទេ។ ផ្ទុយទៅវិញ គណបក្សសង្គ្រោះជាតិ ដែលជាភាគីមួយ បែរជាចេញសេចក្តីថ្លែងការណ៍ ដែលបង្កប់ចរិត ពិសពុលទម្លាក់កំហុសមិនសមហេតុផលមកលើសារព័ត៌មាន និងថែមទាំងបានបំពានតួនាទីរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលជាចៅក្រមលើ ការរៀបចំការបោះឆ្នោតនេះផងដែរ។
សមាគមទូរទស្សន៍កម្ពុជា សូមប្រកាសចាត់ទុកសេចក្តីថ្លែងការណ៍របស់ គណបក្សសង្គ្រោះជាតិ ដែលចេញផ្សាយ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះថា ជាសេចក្តីថ្លែងការណ៍នយោបាយមួលបង្កាច់ដែលគ្មានការទទួលខុសត្រូវ និងគ្មានសេចក្តីថ្លៃថ្នូរ។ សេចក្តីថ្លែងការណ៍នេះ ក៏បានឆ្លុះបញ្ចាំងសារជាថ្មី ឲ្យឃើញពីសារជាតិរបស់អ្នកនយោបាយចាញ់ឆ្នោតដែលតែងតែឡាំប៉ា ក៏ប៉ុន្តែបែរជាគ្មានសេចក្តីក្លាហានប្រកាសបោះបង់ចោល នូវលទ្ធផលឆ្នោតនិងអាសនៈដែលខ្លួនទទួលបាននោះទៅវិញ៕
No comments:
Write comments